ការធានាសមភាពយេនឌ័រក្នុងវិស័យនយោបាយ និងការបោះឆ្នោតនៅប្រទេសកម្ពុជា ទាមទារមិនត្រឹមតែក្របខណ្ឌច្បាប់ឆ្លើយតបនឹងយេនឌ័រប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ គណបក្សនយោបាយផងដែរ។ វាជារឿងសំខាន់ដែលគណបក្សនយោបាយផ្លាស់ប្តូរប្រកបដោយ ប្រសិទ្ធភាពដើម្បីអនុវត្តបទប្បញ្ញត្តិសមភាពយេនឌ័រតាមរយៈការប្រើប្រាស់វិធីសាស្ត្រសមធម៌ និងគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្ស។
នៅក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមស្ត្រីដើម្បីទាំងអស់គ្នា (Women for All Group) នៃអង្គការសង្គមស៊ីវិលដែលធ្វើការរួមគ្នាដើម្បីលើកស្ទួយការចូលរួមរបស់ស្រ្តីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្ត រួមមាន អង្គការខុមហ្វ្រែល អង្គការសីលការ អង្គការហ្គេតស៊ី និងអង្គការបន្ទាយស្រី បានរៀបចំកិច្ចប្រជុំបង្វឹកជាមួយគណបក្សនយោបាយ (Coaching Meeting) ស្ដីពី «ការបង្កើតគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្សនយោបាយ» បានចំនួន ៦លើក ចំនួន៧ គណបក្សនយោបាយ ដូចជា គណបក្សខ្មែររួបរួមជាតិ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សកម្ពុជានិយម, គណបក្ស ឆន្ទៈខ្មែរនិងគណបក្សភ្លើងទៀន, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សបំណងពលរដ្ឋ។ កិច្ចប្រជុំបង្វឹកនេះ ក្នុងគោលបំណង ផ្ដល់ជំនួយបច្ចេកទេសបន្ថែមដល់គណបក្សនយោបាយក្នុងការបង្កើតគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្សរបស់ខ្លួន។
ក្រុមស្ត្រីដើម្បីទាំងអស់គ្នានឹងបន្តជួបប្រជុំផ្ដល់ជំនួយបច្ចេកទេសបន្ថែមដល់គណបក្សផ្សេងទៀតក្នុងការបង្កើតគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្សរបស់ខ្លួន ប្រកបដោយតម្លាភាព និងបរិយាបន្ន។