ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
កិច្ចសន្ទនាថ្នាក់ជាតិ ស្តីពី «ស្រ្តីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្ត»
119 | 2024/09/01

កិច្ចសន្ទនាថ្នាក់ជាតិ ស្តីពី «ស្រ្តីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្ត»

ក្រុមស្រ្តីដើម្បីទាំងអស់គ្នា ដែលរួមមានអង្គការសីលការ​(សីលការ - SILAKA CAMBODIA), ខុមហ្រ្វែល​ (COMFREL), ហ្គេតស៊ី (Gender and Development for Cambodia) និងអង្គការបន្ទាយស្រី (Banteay Srei) បានរៀបចំកិច្ចសន្ទនាថ្នាក់ជាតិ ស្តីពី «ស្រ្តីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្ត»។ ដែលមានសមាសភាពអញ្ជើញចូលរួមចំនួន ១១៣នាក់ ស្រី ៧៤នាក់ ដោយមានតំណាងមកពីក្រសួងកិច្ចការនារី, គ.ជ.អ.ប, គ.ជ.ប, គណបក្សនយោបាយចំនួន១៥, ស្ថានទូតអូស្រ្តាលី, ស្ថានទូតជប៉ុន, ស្ថានទូតអង់គ្លេស,ស្ថានទូតអាល្លឺម៉ង់, UNDP, UNOHCHR, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ, ស្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់, យុវជន និងអ្នកសារព័ត៌មាន។

ជាលទ្ធផលនៅក្នុងកម្មវិធីកិច្ចសន្ទនាមួយនេះ បានឆ្លុះបញ្ចាំងលើ ៖

- របាយការណ៍ «ការផ្ដល់អំណាចនយោបាយដល់ស្រ្តី និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣» ដែលបានបង្ហាញអំពីទិន្នន័យច្បាស់លាស់ និងបញ្ហាដែលកើតឡើងរាំងស្ទះដល់ស្រ្តីក្នុងការចូលរួមក្នុងវិស័យនយោបាយ។

- វេទិកាមួយនេះជាសក្ខីកម្មមួយក្នុងការធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសស្រ្ដីមានឱកាសបានសន្ទនាដោយផ្ទាល់ជាមួយអ្នកពាក់ព័ន្ធដែលមានវត្តមាន និងរួមគ្នាគិតទាំងអស់គ្នាថា តើយើងត្រូវធ្វើការរួមគ្នាដូចម្តេចដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងជម្រុញអោយមានការកើនឡើងនូវចំនួនស្រ្តីក្នុងថ្នាក់សម្រេចចិត្ត និងនយោបាយ?

- អ្នកចូលរួមមានសេចក្ដីសោមនស្សរីករាយក្នុងការបានឮពីឆន្ទៈ និងផែនការក្នុងការជួយជម្រុញអោយមានចំនួនស្រ្តីច្រើនឈរឈ្មោះ និងចូលរួមក្នុងវិស័យនយោបាយរបស់គណបក្សមួយចំនួនដែលបានចូលរួមក្នុងកម្មវិធី។

- ការបានស្វែងយល់អំពីសកម្មភាពក្នុងការជម្រុញអោយមានស្រ្តីក្នុងវិស័យនយោបាយ និងជម្រុញ អោយមានចំនួនស្រ្តីក្នុងថ្នាក់សម្រេចចិត្តរបស់គ.ជ.អ.ប និងក្រសួងកិច្ចការនារី ដោយកំពុងជម្រុញតាមរយៈគោលនយោបាយនារីរតនៈទី៦ និងផែនការយុទ្ធសាស្ត្រ។

- ការបានស្វែងយល់អំពី ការងារ សកម្មភាព និងករណីសិក្សារបស់ស្ថានទូតអូស្ត្រាលី និង UNDP ដែលបានចែករំលែកបទពិសោធក្នុងការជម្រុញអោយមានស្រ្តីក្នុងវិស័យនយោបាយ ដោយបានសង្កត់ធ្ងន់ថា មិនគួរកែស្ត្រីទេ គឺត្រូវតែកែប្រព័ន្ធដើម្បីបង្កើនតំណាងស្ត្រីជាប់ឆ្នោត និងតួនាទីសម្រេចចិត្ត។

- ការលើកឡើងជាក់ស្ដែងពីទុក្ខលំបាករបស់អ្នកនយោបាយស្រ្តីក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោត ទាំងការបោះឆ្នោតជាតិ និងបោះឆ្នោតឃុំ សង្កាត់ និងបានមានសំណូមពរ អោយមានទីកន្លែងដែលមានសុវត្ថិភាពមួយសម្រាប់ស្ត្រី (Safe Space Room) ដើម្បីអាចចែករំលែក ពិភាក្សា និងមានអ្នកស្ដាប់រឿងរ៉ាវរបស់ពួកគាត់ អំពីបញ្ហា កង្វល់ ក្នុងនោះមានទាំងបញ្ហាបៀតបៀនផ្លូវភេទផងដែរ ដែលបាននិងកំពុងកើតមានចំពោះអ្នកនយោបាយស្រ្តី។

- កិច្ចសន្ទនាបានគាំទ្រឱ្យមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលឆ្លើយតបនឹងយេនឌ័រជាវិធានការពិសេស (ប្រព័ន្ធឆ្លាស់) គឺច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជំពូកទី៤ មាត្រា២៧ និងមាត្រា២៨ និងច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជំពូកទី៦ មាត្រា ៣៩ ដើម្បីផ្ដល់ឱកាសដល់ស្ត្រី និងបុរសបានឈរឈ្មោះបោះឆ្នោតដោយស្មើភាពគ្នា។

ក្រុមស្រ្ដីដើម្បីទាំងអស់គ្នា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការឱ្យតម្លៃខ្ពស់ចំពោះភាពសកម្ម និងផុសផុលរបស់អ្នកចូលរួមទាំងអស់ក្នុងកិច្ចសន្ទនានេះ។



ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត