ខុមហ្វ្រែល គឺជាគណៈកម្មាធិការ ឯករាជ្យ អព្យាក្រិត្យមិនរកកំរៃ និងមិនទទួលឥទ្ធិពលពីគណបក្សនយោបាយ និងរាជរដ្ឋាភិបាលតាំងតែពីការបោះឆ្នោត ខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអ៊ុនតាក់ ក្រុមការងារអង្គការសិទ្ធិមនុស្សដំបូងមួយបានផ្តល់នូវក្រុមអ្នកសង្កេតការណ៍ឯករាជ្យ ក្នុងស្រុករាប់ពាន់នាក់ ដើម្បីសង្កេត និងអប់រំការបោះឆ្នោត។
មកដល់ឆ្នាំ ១៩៩៤ «ក្រុមការងារ» នៃអង្គការសិទ្ធិមនុស្សនេះ បានសំរេចបង្កើត គណៈកម្មាធិការដើម្បីការបោះឆ្នោត ជាអចិន្រ្តៃនៅកម្ពុជា។
ឆ្នាំ ១៩៩៧ ខុមហ្វ្រែល ត្រូវបានចុះនៅក្នុង បញ្ជីឈ្មោះអង្គការក្រៅរដ្ឋាភិបាល ដែលអនុញ្ញាត ដោយក្រសួងមហាផ្ទៃ និងត្រូវបានទទួលស្គាល់ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជា គណៈកម្មាធិការមួយ ក្នុងចំណោម អង្គការឃ្លាំមើលការបោះឆ្នោតដែលផ្តល់អទិភាពជាអ្នកសង្កេតការណ៍បោះឆ្នោត។ ក្នុងដំណាក់កាលនោះ ខុមហ្វ្រែលបានរៀបចំអ្នកសង្កេតការណ៍ ស្ម័គ្រចិត្ត មានចំនួនប្រមាណច្រើនជាង ១៥,០០០ នាក់ ដោយធ្វើការអប់រំអ្នកបោះឆ្នោត សង្កេតការ ចុះឈ្មោះបោះឆ្នោត ថ្ងៃបោះឆ្នោត និងផ្ទៀងផ្ទាត់ការរាប់សន្លឹកឆ្នោត (លទ្ធផលបោះឆ្នោត) នៅទូទាំងប្រទេស។
រហូតមកទល់បច្ចុប្បន្ន ខុមហ្វ្រែលមានអង្គការសមាគមចំនួន ១០ ជាសមាជិក ដូចជាសមាគមអាដហុក មជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ ក្រុមអ្នកច្បាប់ ការពារសិទ្ធិកម្ពុជា អង្គការកម្ពុជា ដើម្បីជួយស្រ្តីមានវិបត្តិ អង្គការរក្សាការពារ សិទ្ធិមនុស្ស នៃកម្ពុជា សមាគមការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម សមាគមយុវជនខ្មែរ ជំនួយផ្នែកច្បាប់នៃកម្ពុជា និងបជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជា។
បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាស គួរជាទីពេញចិត្ដ និងមានពត៌មានគ្រប់គ្រាន់ ទី១/ ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្ដធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បី ទទួលបាននូវក្របខ័ណច្បាប់ សមរម្យ, ការអប់រំដើម្បីផ្ដល់ពត៌មាន ដល់អ្នកបោះឆ្នោតអំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតីព្រមទាំងផ្ដល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការបោះឆ្នោតមួយដែលមិនលំអៀងនិងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេល បោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈ ក្នុងគោលបំណង ជំរុញលើកទឹកចិត្ដ ប្រជាពលរដ្ឋឱ្យចូលរួម ក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្ដីសំរេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូល ដើម្បី ឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោត ដែលបង្កើន នូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ដ្រីជាប់ឆ្នោត ព្រមទាំងផ្ដល់នូវរបាយការណ៍ អង្កេតយ៉ាង ទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយ ដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្ម វិធីនយោបាយ និងដំណើរការ អនុវត្ដន៍ ការងាររបស់មន្ដ្រី ជាប់ឆ្នោត។
ការបោះឆ្នោតឱ្យមានលក្ខណៈត្រឹមត្រូវមានតម្លាភាពសេរីនិងយុត្ដិធម៌ព្រមទាំងជំរុញឱ្យមានការចូលរួមជាអតិបរមាពីប្រជាពលរដ្ឋ ដើម្បីជ្រើសរើសអ្នកដឹកនាំបានត្រឹមត្រូវ និងដើម្បីបានលទ្ធផលនៃការបោះឆ្នោតមានអត្ថន័យ ។
ដើម្បីឱ្យការបោះឆ្នោតមានអត្ថន័យ ដែលប្រកបដោយលក្ខណៈប្រជាធិបតេយ្យ ។
អប់រំប្រជាពលរដ្ឋ ពីលិទ្ធិប្រជាធិបតេយ្យវិមជ្ឈការអភិបាលកិច្ចល្អ តួនាទីសង្គមស៊ីវ៉ិលការតស៊ូមតិការបោះឆ្នោតនិងការអង្កេតតាមដានរាល់ហេតុការណ៍មិនប្រក្រតី ការរំលោភដែលពាក់ព័ន្ធសភាពការការបោះឆ្នោត ។
ការតស៊ូមតិលើបញ្ហាចំបងៗ ហើយដែលទាមទារឱ្យមានការកែប្រែនិងកែទំរង់គោលនយោបាយច្បាប់ និងស្ថាប័នទាក់ទងការបោះឆ្នោតប្រជាធិបតេយ្យ ស្របតាមបំណងរបស់ប្រជាពលរដ្ឋ ។
ខុមហ្វ្រែលមានគណៈកម្មាធិការ ១២ រូប ដែលសុទ្ធតែជាអ្នកដឹកនាំនៃអង្គការសមាគមជាសមាជិករបស់ខ្លួននិងមានតួនាទីកំណត់ទិសដៅ ការងាររបស់គណៈកម្មាធិការ ។ ខុមហ្វ្រែល មាននាយកប្រតិបត្ដិ និងគណៈកម្មការប្រតិបត្ដិ ចំនួន ០៧ រូប ជាអ្នកគ្រប់គ្រងការងារប្រចាំថ្ងៃ ។
បច្ចុប្បន្នខុមហ្វ្រែល បានរៀបចំបណ្ដាញរបស់ខ្លួននៅថ្នាក់ខេត្ដ/ក្រុង ស្រុក/ខ័ណ្ឌ និងឃុំ/សង្កាត់ ទូទាំង ២៤ខេត្ដ/ក្រុង សុទ្ធតែជាអ្នកស្ម័គ្រចិត្ដ ដែលមានមុខងារជាៈ ក្រុមប្រតិបត្ដិការ ខេត្ដ/ក្រុង អ្នកទំនាក់ទំនង ស្រុក/ខ័ណ្ឌ និងសកម្មជនឃុំ/សង្កាត់ ។