ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
ឃ្លាំមើលសភា និងតំណាងរាស្រ្ត៖ ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​គោល​បំណង​ បង្ហាញ​ដល់​ប្រជា​ពលរដ្ឋ​នូវ​ព័ត៌​មាន​មួយ​ដែល​មាន​ការ​ជឿ​ទុក​ចិត្ត និង​អប់​រំ​ប្រជា​ពលរដ្ឋ​ព្រម​ទាំង​លើក​ទឹក​ចិត្ត​ក្នុង​ការ​ឃ្លាំ​មើល​គណ​នេយ្យ​ភាព​របស់​មន្ត្រី​ជាប់​ឆ្នោត និង​ការ​វាយ​តម្លៃ​មិន​លម្អៀង​ស្តី​ពី​ការ​បំពេញ​ការងារ​របស់​មន្ត្រី​ជាប់​ឆ្នោត​ ក្រោយ​ការ​បោះឆ្នោត​។ ការ​ប្រមូល​ព័ត៌មាន​ដើម្បី​ចង​ក្រង​ជា​របាយ​ការណ៍​ត្រូវ​បាន​រៀប​ចំ​តាម​វិធី​សាស្រ្ត​ដូច​ខាង​ក្រោម​៖
  • ណែ​នាំ​ដល់​លេខា​រាជ​ធានី​ខេត្ត​របស់​ខុម​ហ្វ្រែល ប្រមូល​ព័ត៌មាន​ពី​ការ​ចុះ​មូល​ដ្ឋាន​របស់​តំណាង​រាស្រ្ត ដោយ​តាម​ដាន​តាម​រយៈ​ការ​ចុះ​ដល់មូល​ដ្ឋាន ការ​ប្រមូល​របាយ​ការណ៍​ពី​ការិយា​ល័យ​តំណាង​រាស្រ្ត​តាម​រាជ​ធានី​ខេត្ត ទី​ស្នាក់​ការ​បក្ស និង​មធ្យោ​បាយ​ផ្សេងៗ​ទៀត ដែល​ជា​ជម្រើស ឬ​វិធី​សាស្រ្ត​អាច​ទទួល​បាន​ព័ត៌មាន។
  • ការ​ប្រមូល​តាម​រយៈ​ប្រព័ន្ធ​ព័ត៌មាន​សង្គម ទូរទស្សន៍ ការសែត និង​គេហ​ទំព័រ​របស់​គណបក្ស​ ឬ​គេហ​ទំព័រ​របស់​តំណាង​រាស្រ្ត​និមួយៗ
  • តាម​រយៈ​ការ​ទំនាក់​ទំនង​ទៅ​តំណាង​រាស្រ្ត ជំនួយ​ការ​តំណាង​រាស្រ្ត​ ឬ​ប្រធាន​ក្រុម​តំណាង​រាស្រ្ត
  • ការ​ប្រមូល​ព័ត៌មាន​តាម​រយៈ​ព្រឹត្តិ​បត្រ​របស់​រដ្ឋ​សភា
  • តាម​រយៈ​ការ​សង្កេត​ក្នុង​រាល់​សម័យ​ប្រជុំ​របស់​រដ្ឋ​សភា។