ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
ឃ្លាំមើលរដ្ឋាភិបាល៖ គំរោង​នេះត្រូវ​បាន​ដំណើរ​ការ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​គោល​បំណង​៖
  • ឃ្លាំ​មើល និង​វាស់​ស្ទង់​ការ​បំពេញ​ការ​អនុវត្តន៍​កម្ម​វិធី​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល
  • ឃ្លាំ​មើល​ការ​បំពេញ​សន្យា​របស់​មន្ត្រី​ជាប់​ឆ្នោត
  • ឃ្លាំ​មើល​ការ​ផ្តល់​សេវា​សាធារ​ណៈ​ដល់​ប្រជា​ពល​រដ្ឋ
  • ផ្តល់​ឱកាស​ឲ្យ​ប្រជា​ពលរដ្ឋ​ផ្តល់​ពិន្ទុ​លើ​ការ​អនុវត្តន៍​កម្មវិធី​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល
  • ផ្តល់​របាយការណ៍​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​អនុវត្ត​កម្ម​វិធី​នយោ​បាយរបស់​រាជ​រដ្ឋា​ភិបាល
ឆ្លើយ​តប​នឹង​គោល​បំណង​ដែល​បាន​រៀប​រាប់​ខាង​លើ វិធី​សាស្ត្រ​ចំនួន​ពីរ​ត្រូវ​បាន​យក​មក​​អនុវត្ត​​រួម​​មាន​៖ ការ​វិភាគ​ទិន្នន័យ​ដែល​មាន​ស្រាប់ និង​ការ​រៀប​ចំ​វេទិកា​ម្ចាស់​ឆ្នោត ស្តី​ពី​ការ​ផ្តល់​ពិន្ទុ​លើ​ការ​បំពេញ​/​អនវត្តន៍ ​នយោ​​បាយ​​របស់​រាជ​រដ្ឋា​ភិ​បាល។ របាយ​ការណ៍​ប្រចាំ​ឆ្នាំ​នៃ​គម្រោង​នេះ នឹង​​ត្រូវ​​បាន​ផលិត ដោយ​បង្ហាញ​ពី​លទ្ធ​ផល​នៃ​ការ​​បំ​ពេញ​ការ​​អនុវត្តន៍ និង​ការ​វាយ​តម្លៃ​របស់​​ប្រជា​ពលរដ្ឋ​​​លើ​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិ​បាល ដែល​មាន​សូច​នា​​ករណ៍​ច្បាស់​​លាស់ និង មិន​​ច្បាស់​​លាស់។​ លទ្ធ​​ផល​ដែល​កើត​ចេញ​ពី​ការ​វិភាគ​លើ​ទិន្នន័យ​ដែល​​ប្រមូល​​បាន​ទាក់​​ទង​នឹង​​កម្ម​វិធី​​នយោ​បាយ​ដែល​មាន​សូច​នាករ​ច្បាស់ និង​លទ្ធផល​ពី​ការ​ផ្តល់​ពិន្ទុ​របស់​​ប្រជា​ពលរដ្ឋ​ចំពោះ​​កម្ម​វិធី​​នយោ​​បាយ​ដែល​មិន​មាន​សូច​នាក​រ​ច្បាស់​លាស់​ត្រូវ​បាន​ផលិត​ជា​របាយ​ការណ៍។ របាយ​ការណ៍​នេះ​នឹង​ត្រូវ​​បាន​ផ្សព្វ​ផ្សាយ​ជា​សាធា​រណៈ​តាម​រយៈ​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​ព័ត៌​ របស់​​ខុមហ្វ្រែល ឬ​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​ព័ត៌​ដទៃ​ទៀត​ ដើម្បី​ចែក​ជូន​ភាគី​ពាក់​ព័ន្ធ​ដូច​ជា៖ រាជ​រដ្ឋា​ភិបាល​ ម្ចាស់​ជំនួយ ឬ​ដៃ​គូរ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ អង្គការ​សង្គម​ស៊ីវិល​​ដែល​មាន​បេស​កម្ម​ទាក់​ទង​​និង​​កម្មវិធី​​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល។