ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
សង្កេតការណ៍ចុះឈ្មោះបោះឆ្នោត និងសវនកម្មបញ្ជីឈ្មោះបោះឆ្នោត៖ ក្នុង​ដំណើរ​ការ​បោះឆ្នោត ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​សវន​កម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​ខុម​ហ្វ្រែល​តែង​តែ​រៀប​ចំ​អ្នក​សង្កេត​ការណ៍​សង្កេត​ពី​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ និង​ធ្វើ​សវន​កម្ម​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ឈ្មោះ​ស្ទួន ដើម្បី​សិក្សា​ពី​គុណ​ភាព​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។
  • សង្កេត​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត៖ ជា​រៀង​រាល់​ឆ្នាំ​ខុម​ហ្វ្រែល​តែង​តែ​ធ្វើ​ការ​សង្កេត​នូវ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ជា​ពិសេស​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦ និង​ដំណើរ​ការបច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៧។ ការ​សង្កេត​នូវ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​ដើម្បី​ចូល​រួម​តាម​ដាន​ពី​ការ​អនុវត្ត​នៃ​និតិ​វិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត របស់​មន្រ្តី​ចុះ​ឈ្មោះ​បោះ​ឆ្នោត ភាព​មិនប្រក្រតី ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ និង​សិទ្ធិ​ចូល​រួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត ព្រម​ទាំង​បរិយា​កាស​នយោ​បាយ​ផង​ដែរ​។ អ្នក​សង្កេត​ការណ៍​បាន​ផ្តល់​ការ​បណ្តុះ​បណ្តាល​ នូវ​វិធី​សាស្រ្ត​ក្នុង​ការ​សង្កេត បង្ហាញ​ពី​នីតិ​វិធី​ក្នុង​ការ​ចុះ​ឈ្មោះ​ ផ្តល់​ជូន​នូវ​ទម្រង់​សង្កេត​ របៀប​ផ្ញើរ​បាយ​ការណ៍ ជាមួយ​ការ​ចុះ​សង្កេត​តាម​ទីតាំង​ដែល​បាន​ណែ​នាំ។
  • ការ​ធ្វើ​សវន​កម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត៖ ការ​ធ្វើ​សវ​ន​កម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ក្នុង​គោល​​​បំណង​សិក្សា​​ពី​គុណ​ភាព​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ សវន​កម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ត្រូវ​បាន​សិក្សា​ជាមួយ​វិធី​សាស្រ្ត​ពី​មនុស្ស​ទៅ​បញ្ជី វិធី​សាស្រ្ត​ពី​បញ្ជី​ទៅ​មនុស្ស​ និង​ឈ្មោះ​ស្ទួន​នៅ​លើ​បញ្ជី។ ការ​សិក្សា​វិធី​សាស្រ្ត​ពី​មនុស្ស​ទៅ​បញ្ជី​គឺ​មាន​ន័យ​ថា​​អ្នក​សង្កេត​ការណ៍​ចុះ​សម្ភាស​ន៍​ប្រជា​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ដោយ​ប្រើ​វិធីសាស្រ្ត​ចាប់​ដោយ​ចៃដន្យ បន្ទាប់​មក​យក​ព័ត៌មាន​ទៅ​ផ្ទៀង​ផ្ទាត់​ជាមួយ​បញ្ជី​ឈ្មោះ​ដើម្បី​មើល​ពី​ភាព​ត្រឹម​ត្រូវ។ វិធី​សាស្រ្ត​ពី​បញ្ជី​ឈ្មោះ​ទៅ​មនុស្ស​គឺ​ជា​វិធី​សាស្រ្ត​ដែល​ចាប់​ឈ្មោះ​ដោយ​ចៃដន្យ​លើ​បញ្ជី​បន្ទាប់​មក​ស្វែង​រក​វត្ត​មាន​អ្នក​បោះ​ឆ្នោត និង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​(ឈ្មោះ ភេទ ថ្ងៃ​ខែ​ឆ្នាំ​កំណើត...)​នៅ​មូល​ដ្ឋាន​តាម​អាស័យ​ដ្ឋាន ដើម្បី​ឱ្យ​ដឹង​ថា​បញ្ជី​នេះ​មាន​ឈ្មោះ និង​មាន​វត្ត​មាន​អ្នក​បោះ​ឆ្នោត​ពិត​ប្រាក​ដ​ដែរ​ឬ​ទេ?។ វិធី​សាស្រ្ត​ពី​មនុស្ស​ទៅ​បញ្ជី​គេ​សិក្សា​ក្នុង​ពេល​បញ្ចប់​នៃ​ការ​ចុះ​ឈ្មោះ រី​ឯ​ពី​បញ្ជី​ទៅ​មនុស្ស​​​គេ​សិក្សា​​ក្នុង​ពេល​ចេញ​បញ្ជី​ដំបូង ឬ​បញ្ជី​ផ្លូវ​ការ។ រី​ឯ​ឈ្មោះ​ស្ទួន​គឺ​ការ​ជា​ផ្ទៀង​ផ្ទាត់​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវ​ការ ដើម្បី​បញ្ជាក់​ឱ្យ​ដឹង​ថា​តើ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​ផ្លូវ​ការ​មាន​ឈ្មោះ​ដែល​ធានា​ថា​អ្នក​បោះឆ្នោត​ម្នាក់​មាន​ឈ្មោះ​តែ​មួយ​ដូច​ច្បាប់​ដែល​បាន​កំណត់​ដែរ​ឬ​ទេ។