សង្កេតការណ៍បោះឆ្នោត៖ រាល់អាណត្តិនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងជ្រើសតាំងតំណាងរាស្រ្ត ខុមហ្វ្រែល តែងតែគៀងគរសមាគម អង្គការសង្គមស៊ីវិល អ្នកស្ម័គ្រចិត្តចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោត។ អង្គការសង្គមស៊ីវិល រួមទាំងប្រជាពលរដ្ឋផង តែងតែមានការចូលរួមទាំងធនធានថវិកា អ្នកស្ម័គ្រចិត្តផងដែរ។ ក្នុងការបោះឆ្នោតឆ្នាំ២០១៧ មានអ្នកចូលរួមសង្កេតការណ៍ក្នុងថ្ងៃបោះឆ្នោត ចំនួនជាង ១៥០០០នាក់។ ការចូលរូមរបស់អ្នកសង្កេតការណ៍គឺដើម្បីប្រមូលព័ត៌មានទាក់ទងការអនុវត្តពីភាពមិនប្រក្រតីនៃបទបញ្ជា និងនីតិវិធី ការទិញសន្លឹកឆ្នោត ការគម្រាមកំហែង ការបំភិតបំភ័យ និងការប្រមូលលទ្ធផលឆ្នោត រួមទាំងបរិយាកាសនយោបាយនៅតាមមូលដ្ឋានផងដែរ។ រាល់ព័ត៌មានដែលទទួលបានពីអ្នកសង្កេតការណ៍ យើងធ្វើការវិភាគដោយវាយតម្លៃលើព័ត៌មានដែលទទួលបាន និងចងក្រងជារបាយការណ៍ ដើម្បីបង្ហាញពីអ្វីដែលបានរកឃើញជូនដល់សាធារណៈជន រួមទាំងរៀបជាអនុសាសន៍ជូនដល់ស្ថាប័នដែលពាក់ព័ន្ធ។ អ្នកសង្កេតការណ៍ បានរៀបចំឡើងតាមដំណាក់កាលនៃដំណើរការបោះឆ្នោត ដូចជា ដំណាក់កាលចុះឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត(ត្រឹមប្រកាសលទ្ធផលឆ្នោតផ្លូវការ)។