សង្កេតការណ៍ចុះឈ្មោះបោះឆ្នោត និងសវនកម្មបញ្ជីឈ្មោះបោះឆ្នោត៖ ក្នុងដំណើរការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងសវនកម្មបញ្ជីឈ្មោះបោះឆ្នោត ជាផ្នែកមួយយ៉ាងសំខាន់ដែលខុមហ្វ្រែលតែងតែរៀបចំអ្នកសង្កេតការណ៍សង្កេតពីដំណើរការនៃការចុះឈ្មោះ និងធ្វើសវនកម្មលើបញ្ជីឈ្មោះបោះឆ្នោត និងឈ្មោះស្ទួន ដើម្បីសិក្សាពីគុណភាពនៃបញ្ជីឈ្មោះបោះឆ្នោត។
- សង្កេតដំណើរការចុះឈ្មោះបោះឆ្នោត៖ ជារៀងរាល់ឆ្នាំខុមហ្វ្រែលតែងតែធ្វើការសង្កេតនូវដំណើរការចុះឈ្មោះបោះឆ្នោត ជាពិសេសការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ និងដំណើរការបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧។ ការសង្កេតនូវដំណើរការចុះឈ្មោះបោះឆ្នោតគឺដើម្បីចូលរួមតាមដានពីការអនុវត្តនៃនិតិវិធីនៃការចុះឈ្មោះបោះឆ្នោត របស់មន្រ្តីចុះឈ្មោះបោះឆ្នោត ភាពមិនប្រក្រតី ការគំរាមកំហែង ការបំភិតបំភ័យ និងសិទ្ធិចូលរួមចុះឈ្មោះបោះឆ្នោត ព្រមទាំងបរិយាកាសនយោបាយផងដែរ។ អ្នកសង្កេតការណ៍បានផ្តល់ការបណ្តុះបណ្តាល នូវវិធីសាស្រ្តក្នុងការសង្កេត បង្ហាញពីនីតិវិធីក្នុងការចុះឈ្មោះ ផ្តល់ជូននូវទម្រង់សង្កេត របៀបផ្ញើរបាយការណ៍ ជាមួយការចុះសង្កេតតាមទីតាំងដែលបានណែនាំ។
- ការធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោត៖ ការធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោត ក្នុងគោលបំណងសិក្សាពីគុណភាពនៃបញ្ជីឈ្មោះបោះឆ្នោត។ សវនកម្មបញ្ជីឈ្មោះបោះឆ្នោតត្រូវបានសិក្សាជាមួយវិធីសាស្រ្តពីមនុស្សទៅបញ្ជី វិធីសាស្រ្តពីបញ្ជីទៅមនុស្ស និងឈ្មោះស្ទួននៅលើបញ្ជី។ ការសិក្សាវិធីសាស្រ្តពីមនុស្សទៅបញ្ជីគឺមានន័យថាអ្នកសង្កេតការណ៍ចុះសម្ភាសន៍ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ដោយប្រើវិធីសាស្រ្តចាប់ដោយចៃដន្យ បន្ទាប់មកយកព័ត៌មានទៅផ្ទៀងផ្ទាត់ជាមួយបញ្ជីឈ្មោះដើម្បីមើលពីភាពត្រឹមត្រូវ។ វិធីសាស្រ្តពីបញ្ជីឈ្មោះទៅមនុស្សគឺជាវិធីសាស្រ្តដែលចាប់ឈ្មោះដោយចៃដន្យលើបញ្ជីបន្ទាប់មកស្វែងរកវត្តមានអ្នកបោះឆ្នោត និងផ្ទៀងផ្ទាត់ព័ត៌មាន(ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត...)នៅមូលដ្ឋានតាមអាស័យដ្ឋាន ដើម្បីឱ្យដឹងថាបញ្ជីនេះមានឈ្មោះ និងមានវត្តមានអ្នកបោះឆ្នោតពិតប្រាកដដែរឬទេ?។ វិធីសាស្រ្តពីមនុស្សទៅបញ្ជីគេសិក្សាក្នុងពេលបញ្ចប់នៃការចុះឈ្មោះ រីឯពីបញ្ជីទៅមនុស្សគេសិក្សាក្នុងពេលចេញបញ្ជីដំបូង ឬបញ្ជីផ្លូវការ។ រីឯឈ្មោះស្ទួនគឺការជាផ្ទៀងផ្ទាត់លើបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ដើម្បីបញ្ជាក់ឱ្យដឹងថាតើក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការមានឈ្មោះដែលធានាថាអ្នកបោះឆ្នោតម្នាក់មានឈ្មោះតែមួយដូចច្បាប់ដែលបានកំណត់ដែរឬទេ។