ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។

ប្រវត្តិសង្ខេប

ខុមហ្វ្រែល គឺ​ជាគណៈ​កម្មា​ធិការ​ ឯករាជ្យ អព្យា​ក្រិត្យ​មិន​រក​កំរៃ និង​មិន​ទទួល​ឥទ្ធិពល​ពី​គណបក្ស​នយោបាយ និង​រាជ​រដ្ឋាភិបាល​តាំង​តែ​ពី​ការ​បោះឆ្នោត ខែ​ឧសភា ឆ្នាំ១៩៩៣ ដែល​រៀប​ចំ​ឡើង​ដោយ​អ៊ុនតាក់ ក្រុម​ការងារ​អង្គការ​សិទ្ធិ​មនុស្ស​ដំបូង​មួយ​បាន​ផ្តល់​នូវ​ក្រុម​អ្នក​សង្កេត​ការណ៍​ឯករាជ្យ ក្នុង​ស្រុក​រាប់​ពាន់​នាក់ ដើម្បី​សង្កេត និង​អប់រំ​ការ​បោះឆ្នោត។

មក​ដល់​ឆ្នាំ ១៩៩៤ «ក្រុម​ការងារ​» នៃ​អង្គការ​សិទ្ធិ​មនុស្ស​នេះ បាន​សំរេច​បង្កើត គណៈ​កម្មាធិការដើម្បី​ការ​បោះ​ឆ្នោត ជា​អចិន្រ្តៃ​នៅ​កម្ពុជា។

ឆ្នាំ ១៩៩៧ ខុមហ្វ្រែល ត្រូវ​បាន​ចុះ​នៅ​ក្នុង បញ្ជី​ឈ្មោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​អនុញ្ញាត ដោយ​ក្រសួង​មហា​ផ្ទៃ និង​ត្រូវ​បាន​ទទួល​ស្គាល់ ពី​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ជា គណៈ​កម្មាធិការ​មួយ ក្នុង​ចំណោម អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ដែល​ផ្តល់​អទិភាព​ជា​អ្នក​សង្កេត​ការណ៍​បោះឆ្នោត។ ក្នុង​ដំណាក់​កាល​នោះ ខុមហ្វ្រែល​បាន​រៀប​ចំ​អ្នក​សង្កេត​ការណ៍ ស្ម័គ្រចិត្ត មាន​ចំនួន​ប្រមាណ​ច្រើន​ជាង ១៥,០០០ នាក់ ដោយ​ធ្វើ​ការ​អប់រំ​អ្នក​បោះឆ្នោត សង្កេតការ ចុះ​ឈ្មោះ​បោះឆ្នោត ថ្ងៃ​បោះឆ្នោត និង​ផ្ទៀងផ្ទាត់​ការ​រាប់​សន្លឹក​ឆ្នោត (លទ្ធផល​បោះឆ្នោត) នៅ​ទូទាំង​ប្រទេស។

រហូត​មក​ទល់​បច្ចុប្បន្ន ខុមហ្វ្រែល​មាន​អង្គការ​សមាគម​ចំនួន ១០ ជា​សមាជិក ដូចជា​សមាគម​អាដហុក មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ការពារ​សិទ្ធិ​កុមារ ក្រុម​អ្នក​ច្បាប់ ការពារ​សិទ្ធិ​កម្ពុជា អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្រ្តី​មាន​វិបត្តិ អង្គការ​រក្សា​ការពារ សិទ្ធិមនុស្ស នៃ​កម្ពុជា សមាគម​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម សមាគម​យុវជន​ខ្មែរ ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា និង​បជ្ឈ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា។

បេសកកម្ម

ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រិត្យ មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។

គោលដៅ

ការ​បោះ​ឆ្នោត​ឱ្យ​មាន​លក្ខណៈ​ត្រឹម​ត្រូវ​មាន​តម្លា​ភាព​សេរី​និង​យុត្ដិធម៌​ព្រម​ទាំង​ជំ​រុញ​ឱ្យ​មាន​ការ​ចូល​រួម​ជា​អតិបរមា​ពី​ប្រជា​ពល​រដ្ឋ ដើម្បី​​​​ជ្រើស​រើស​​​អ្នក​​​ដឹកនាំ​​​បាន​ត្រឹម​ត្រូវ និង​ដើម្បី​បាន​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​មាន​អត្ថន័យ ។

ទស្សនៈវិស័យ

សង្គមប្រជាធិបតេយ្យមួយដែលនាំផលប្រយោជន៍ទៅប្រជាពលរដ្ឋ។

វត្ថុបំណង និងកម្មវិធីសំខាន់ៗ

អប់រំប្រជាពលរដ្ឋ ពីលិទ្ធិប្រជាធិបតេយ្យវិមជ្ឈការអភិបាលកិច្ចល្អ តួនាទីសង្គមស៊ីវ៉ិលការតស៊ូមតិការបោះឆ្នោតនិង​​​ការ​អង្កេត​​តាម​​ដាន​​រាល់​ហេតុការណ៍​មិនប្រក្រតី ការរំលោភដែលពាក់ព័ន្ធសភាពការការបោះឆ្នោត ។

ការតស៊ូមតិលើបញ្ហាចំបងៗ ហើយដែលទាមទារឱ្យមានការកែប្រែនិងកែទំរង់គោលនយោបាយច្បាប់ និងស្ថាប័នទាក់ទង​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ ស្រប​​​តាម​​បំណង​របស់​ប្រជាពលរដ្ឋ ។

រចនាសម្ព័ន្ធ

ខុមហ្វ្រែលមានគណៈកម្មាធិការ ១២ រូប ដែលសុទ្ធតែជាអ្នកដឹកនាំនៃអង្គការសមាគមជាសមាជិករបស់ខ្លួននិងមានតួនាទី​កំណត់ទិសដៅ ការងារ​របស់​គណៈកម្មាធិការ ។ ខុមហ្វ្រែល មាននាយកប្រតិបត្ដិ និងគណៈកម្មការប្រតិបត្ដិ ចំនួន ០៧ រូប ជាអ្នកគ្រប់គ្រងការងារប្រចាំថ្ងៃ ។

បច្ចុប្បន្នខុមហ្វ្រែល បានរៀបចំបណ្ដាញរបស់ខ្លួននៅថ្នាក់ខេត្ដ/ក្រុង ស្រុក/ខ័ណ្ឌ និងឃុំ/សង្កាត់ ទូទាំង ២៤ខេត្ដ/ក្រុង សុទ្ធតែជាអ្នកស្ម័គ្រចិត្ដ ដែល​មានមុខងារជាៈ ក្រុមប្រតិបត្ដិការ ខេត្ដ/ក្រុង អ្នកទំនាក់ទំនង ស្រុក/ខ័ណ្ឌ និងសកម្មជនឃុំ/សង្កាត់ ។